
រដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ បើកវេទិកាសាធារណៈនៅឃុំអូរស្វាយ ដោះស្រាយកង្វល់ពលរដ្ឋបាន ២១ករណី ភ្លាមៗ
ដើម្បីដោះស្រាយបញ្ហាប្រឈម និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំវេទិកាសាធារណៈស្តីពី «ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ នៅមុខបរិវេណសាលាឃុំអូរស្វាយ ។ វេទិកានេះត្រូវបានប្រព្រឹត្តទៅតាមរយៈការជួបជុំពិគ្រោះយោបល់ និងបើកឱកាសឱ្យប្រជាពលរដ្ឋលើកឡើងនូវសំណើ សំណូមពរដោយផ្ទាល់មាត់ ដើម្បីទទួលបានការបកស្រាយបំភ្លឺភ្លាមៗពីមន្ត្រីជំនាញ ។









