
មន្រ្តីជំនាញនៃមន្ទីរអប់រំខេត្ត ថ្លែងថា ការអប់រំកុមារតូច ឬថ្នាក់មត្តេយ្យសិក្សា គឺជាគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្ស
លោកស្រី អ៊ា សុខឡេង ប្រធានការិយាល័យអប់រំកុមារតូច នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប មានប្រសាសន៍ថា ការអប់រំកុមារតូច ឬថ្នាក់មត្តេយ្យសិក្សា គឺជាគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យមានភាពពេញលេញទាំងកាយសម្បទា ប្រាជ្ញា ស្មារតី និងសីលធម៌ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនជាលំដាប់ ខណៈ ការដឹកនាំ និងការផ្តល់សេវាអប់រំប្រកបដោយប្រសិទ្ធភាព គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍពិតប្រាកដរបស់សង្គមជាតិ ដោយមានការចូលរួមយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺមាតាបិតា និងសហគមន៍។ លោកស្រី មានប្រសាសន៍ដូច្នេះ ក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិ និងទូរទស្សន៍ជាតិខេត្តសៀមរាប កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦នេះ។











